1 Corinthians 4

1ដូច្នេះចូរ​រាប់យើង​ទុក​ដូចជាអ្នកបម្រើ​របស់​ព្រះ​គ្រិស្ដនិង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់ 2លើសពី​នេះ​ត្រូវ​រកឲ្យឃើញថាអ្នក​មើល​ខុស​ត្រូវ​ជា​មនុស្ស​ម្នាក់ស្មោះត្រង់ 3ប៉ុន្តែវា​ជា​រឿង​តូចតាចទេសម្រាប់ខ្ញុំដែលត្រូវអ្នករាល់គ្នាអ្នកណាម្នាក់​នៅ​សម័យ​នេះ​វិនិច្ឆ័យ​នោះ​ដ្បិត​ខ្ញុំ​មិនវិនិច្ឆ័យខ្លួនឯងទេ 4ព្រោះខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំ​គ្មាន​ខុស​អ្វី​ទេប៉ុន្តែ​ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិតដោយសារ​ការ​នេះ​ឡើយគឺព្រះអម្ចាស់​ទេ​ជាអ្នកវិនិច្ឆ័យខ្ញុំ 5ដូច្នេះកុំ​វិនិច្ឆ័យ​អ្វីមួយមុនពេលកំណត់ឡើយលុះត្រាតែព្រះអម្ចាស់​យាង​មកព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំងនៅទីងងឹតហើយបង្ហាញ​ឲ្យ​ឃើញពីបំណងនៅក្នុងចិត្ត​របស់​មនុស្ស​បន្ទាប់មកម្នាក់ៗ​នឹង​បាន​ការ​សរសើរពីព្រះជាម្ចាស់ 6បងប្អូនអើយ! ​ខ្ញុំ​បាន​ប្រើ​សេចក្ដី​ទាំងនេះ​អំពីខ្ញុំនិង​លោក​អ័ប៉ុឡូស​ជា​ឧទាហរណ៍សម្រាប់អ្នករាល់គ្នាដើម្បី​ឲ្យ​អ្នករាល់គ្នា​រៀនតាមយើង​ពី​សេចក្ដី​ដែលថាកុំ​ឲ្យ​ហួស​ពី​សេចក្ដីដែល​បាន​ចែងទុកដើម្បីកុំ​ឲ្យ​អ្នករាល់គ្នា​អួតអំពី​មនុស្ស​ម្នាក់ទាស់នឹង​មនុស្ស​ម្នាក់ទៀតឡើយ 7ដ្បិតតើអ្នកណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុសប្លែក​ពីគេ? ​តើ​អ្នក​មានអ្វីដែល​អ្នក​មិន​បាន​ទទួល? ​ចុះបើ​អ្នក​បាន​ទទួលហើយហេតុអ្វី​បានជា​អួតខ្លួនដូចជាមិន​បាន​ទទួលដូច្នេះ? 8អ្នករាល់គ្នាបាន​ស្កប់ស្កល់ហើយ​អ្នករាល់គ្នា​បាន​ត្រលប់ជាអ្នកមានហើយ​អ្នករាល់គ្នា​បាន​សោយរាជ្យហើយដោយគ្មានយើងហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​សោយរាជ្យណាស់ដើម្បី​ឲ្យ​យើង​បាន​សោយរាជ្យជាមួយអ្នករាល់គ្នាដែរ 9ព្រោះខ្ញុំ​គិត​ថាព្រះជាម្ចាស់​បាន​ដាក់យើង​ជា​ពួក​សាវក​ឲ្យ​នៅក្រោយ​គេ​បង្អស់ដូចជាអ្នកទោសប្រហារជីវិតព្រោះ​យើង​បាន​ត្រលប់ជាអ្វី​ដែល​ល្អ​មើលសម្រាប់លោកិយ​នេះ​ទាំង​ពួក​ទេវតានិង​ពួក​មនុស្ស 10យើងល្ងង់ខ្លៅដោយយល់ដល់​ព្រះ​គ្រិស្ដប៉ុន្តែអ្នករាល់គ្នាឆ្លាតនៅក្នុង​ព្រះ​គ្រិស្ដយើងខ្សោយប៉ុន្តែអ្នករាល់គ្នាខ្លាំងពូកែអ្នករាល់គ្នារុងរឿងប៉ុន្តែយើងអាប់ឱន 11រហូតដល់ឥឡូវនេះ​យើង​ឃ្លានផងស្រេកផងហើយនៅអាក្រាតទាំង​ត្រូវ​គេ​វាយនិងរសាត់អណ្ដែត​ទៀត 12យើងធ្វើការចិញ្ចឹមជីវិត​ដោយ​ដៃ​របស់​ខ្លួន​យើង​ឲ្យពរគេ​ពេល​ត្រូវ​គេ​ជេរ​យើង​ស៊ូទ្រាំ​ពេល​គេ​បៀតបៀន 13ពេលគេ​និយាយ​បង្ខូច​យើង​យើង​ដាស់តឿន​គេ​ហើយ​រហូតមកដល់ពេលនេះ​យើង​ត្រលប់​ដូច​ជាសំរាមនៃលោកិយ​នេះ​និង​ជា​សំណល់​នៃ​អ្វីៗទាំងអស់ 14ខ្ញុំសរសេរ​សេចក្ដី​ទាំងនេះមិនមែនឲ្យអ្នករាល់គ្នាខ្មាសទេផ្ទុយទៅវិញ​ដើម្បី​ដាស់តឿនអ្នករាល់គ្នាដូចជាកូន​ជា​ទីស្រលាញ់របស់ខ្ញុំ 15ដ្បិតថ្វីបើនៅក្នុង​ព្រះ​គ្រិស្ដ​អ្នករាល់គ្នា​មានអ្នកមើលថែមួយម៉ឺននាក់ប៉ុន្តែគ្មានឪពុកច្រើនទេគឺខ្ញុំ​ទេ​ដែល​បាន​បង្កើតអ្នករាល់គ្នាក្នុង​ព្រះ​គ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ 16ដូច្នេះខ្ញុំ​ដាស់តឿនអ្នករាល់គ្នា​ឲ្យ​យកគំរូតាមខ្ញុំ​ចុះ 17ដោយហេតុនេះ​ខ្ញុំ​បាន​ចាត់ធីម៉ូថេជាកូន​ជា​ទីស្រលាញ់និងជា​ទី​ទុកចិត្ត​របស់​ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមក​ឯ​អ្នករាល់គ្នាគាត់​នឹង​រំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូដែល​ខ្ញុំ​បាន​បង្រៀនដល់ក្រុមជំនុំទាំងអស់​នៅ​គ្រប់​ទី​កន្លែង 18អ្នកខ្លះអួតខ្លួនហាក់ដូចជាខ្ញុំមិនមកជួបអ្នករាល់គ្នាទៀត 19ប៉ុន្តែបើព្រះអម្ចាស់​មាន​បំណង​ខ្ញុំ​នឹង​មកជួបអ្នករាល់គ្នាឆាប់ៗនេះហើយ​ខ្ញុំ​ចង់​ស្គាល់អំណាច​របស់​ពួក​អ្នកអួតខ្លួនទាំងនោះគឺមិន​មែន​ពាក្យសំដី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ 20ដ្បិតនគររបស់ព្រះជាម្ចាស់មិនស្ថិតលើពាក្យសំដីឡើយគឺស្ថិតលើអំណាចវិញ 21តើអ្នករាល់គ្នា​ត្រូវការអ្វី? ​តើ​គួរ​ឲ្យ​ខ្ញុំ​មកជួបអ្នករាល់គ្នា​ដោយ​មាន​រំពាត់​មក​ជាមួយដោយមាន​សេចក្ដី​ស្រលាញ់និងចិត្ដស្លូតបូត?
Copyright information for KhmKCB